កាលបរិច្ឆេទ: ០៣ តុលា ២០២២ / ម្ហូបអាហារ
សហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនចែកចាយឱសថ DKSH បានចុះហត្ថលេខាកាលពីថ្ងៃទី២៨ កញ្ញា បន្តកិច្ចសន្យាសហការគ្នារវាងក្រុមហ៊ុនទាំងពីរសម្រាប់រយៈពេលប្រាំឆ្នាំ។ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង មានប្រសាសន៍សម្តែងក្តីសោមនស្សរីករាយយ៉ាងដូច្នេះ៖
«បើគិតមកទល់ពេលនេះគឺអស់រយៈពេលប្រាំឆ្នាំហើយដែលយើងធ្វើការជាមួយគ្នា។ ពេលវេលាពិតជាដើរលឿនមែន។ នេះសរបញ្ជាក់ឲ្យឃើញថា យើងមានទំនាក់ទំនងល្អជាមួយគ្នា មានការគោរពគ្នា ចេះរក្សាផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក»។
លោក Sandeep Tewari នាយកគ្រប់គ្រងផ្នែកផលិតផលថែរក្សាសុខភាព
ប្រចាំប្រទេសកម្ពុជា និងឡាវ នៃក្រុមហ៊ុន DKSH (Cambodia) Ltd. បានបង្ហាញពីមោទកភាពរបស់ក្រុមហ៊ុន DKSH ដែលមានឱកាសបានធ្វើការជាមួយសហគ្រាសផលិតឱសថប៉េប៉េអឹម និងបានចូលរួមចំណែកលើកតម្លៃ «ផលិតផលដែលមានគុណភាពខ្ពស់ដើម្បីលើកកម្ពស់សុខមាលភាពរបស់មនុស្សទូទៅតាមរយៈការបង្កភាពងាយស្រួលដល់ពួកគេក្នុងការទទួលបានសេវាព្យាបាល»។
មានស្នាក់ការនៅប្រទេសស្វីស និងមានទីផ្សារភាគហ៊ុននៅទីនោះ ក្រុមហ៊ុន DKSH ឈរជើងយ៉ាងមាំនៅលើទីផ្សារក្នុងស្រុកចំនួន១៣នៅទ្វីបអាស៊ី។ ក្រោយពីមានវត្តមានអស់ជាង១៥០ឆ្នាំនៅទ្វីបអាស៊ី បច្ចុប្បន្នក្រុមហ៊ុន DKSH មានចំណុចចែកចាយទាំងអស់ជាង១៣ម៉ឺនកន្លែងដូចជា នៅតាមមន្ទីរពេទ្យ តាមគ្លីនិកឯកជន ជាមួយគ្រូពេទ្យ នៅតាមឱសថស្ថាន នៅតាមគ្លីនិកពេទ្យធ្មេញ និងតាមហាងលក់វែនតា។ ដោយសារការស្គាល់ទីផ្សារច្បាស់របស់អ្នកជំនាញផ្នែកសុខភាពរបស់យើងចំនួន៨០០០នាក់ និងដោយសារការគោរពតាមស្តង់ដារគុណភាពអន្តរជាតិ និងការអនុលោមតាមក្រុមហ៊ុន ក្រុមហ៊ុន DKSH គឺជាក្រុមហ៊ុនល្បីដែលគេទទួលស្គាល់នៅទ្វីបអាស៊ី។ ក្រុមហ៊ុនចែកចាយឱសថមួយនេះចាប់ផ្តើមសកម្មភាពរបស់ខ្លួនដំបូងនៅកម្ពុជានៅទសវត្សរ៍ឆ្នាំ១៩៥០ ហើយបច្ចុប្បន្នក្លាយជាតួអង្គមួយយ៉ាងសំខាន់ក្នុងចំណោមក្រុមហ៊ុនដែលចូលរួមចំណែកពង្រីកសេវាថែទាំសុខភាពនៅព្រះរាជាណាចក្រកម្ពុជា៕